ព៌តមានប្រចាំថ្ងៃ សំខាន់ៗ....ប្រចាំក្នុងស្រុក និងក្រៅស្រុក ហើយនិងតាមតំបន់ផ្សេងៗ.....
Friday, December 11, 2015
ប្រេងឆៅធ្លាក់ថ្លៃមកត្រឹម $៣៧ ខណៈនាយករដ្ឋមន្ត្រីមិនទាន់ជួបស្ថានីយប្រេង
តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះជិតដល់តម្លៃទាបបំផុតក្នុងរយៈពេលជិត៧ឆ្នាំកាលពីថ្ងៃអង្គារ ខណៈការសន្យារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងជួបជាមួយក្រុមហ៊ុនលក់ប្រេងសាំងឯកជន ដើម្បីពិភាក្សារកដំណោះស្រាយពីបញ្ហាតម្លៃប្រេងសាំងនៅតែមិនទាន់លេចចេញជារូបរាងនៅឡើយ។
បើតាមទីភ្នាក់ងារសារព័ត៌មាន AFP កាលពីម្សិលមិញ ប្រេងឆៅប្រភេទ WTI បានធ្លាក់ថ្លៃ ៥,៨ ភាគរយមកនៅត្រឹមតម្លៃ ៣៧,៦៥ ដុល្លារនៅទីក្រុងញូវយ៉ក និងប្រេងឆៅប្រភេទ Brent បានធ្លាក់ថ្លៃ ៥,៣ភាគរយមកនៅត្រឹមតម្លៃ ៤០,៧៣ ដុល្លារនៅទីក្រុងឡុងដ៍ ដែលជាតម្លៃទាបបំផុតគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០០៩ មក។
គួររំឭកផងដែរថា កាលពីខែតុលា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា លោកនឹងជួបជាមួយក្រុមហ៊ុនលក់ប្រេងរាយ ដើម្បីពិភាក្សាបន្ថែមពីបញ្ហាបង្កើតយន្តការកំណត់តម្លៃប្រេងដែលអាចប្រែប្រួលបានក្នុងការធានាឲ្យប្រាកដថា តម្លៃប្រេងនៅកម្ពុជាឆ្លើយតបទៅនឹងការប្រែប្រួលទីផ្សារពិភពលោក។
កាលពីខែមុន ក្រសួងពាណិជ្ជកម្មក៏បានយល់ព្រមលើរូបមន្តសម្រាប់យន្តការកំណត់តម្លៃប្រេងសាំងរួចរាល់ហើយដែរ ហើយសំណើនេះក៏ត្រូវបានដាក់ជូនលោកនាយករដ្ឋមន្រ្ដី ដើម្បីពិចារណាបន្ថែមផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដំណឹងអំពីពេលវេលាជាក់លាក់ណាមួយដែលថា លោកនាយករដ្ឋមន្ត្រីនឹងកោះប្រជុំប្រតិបត្តិករស្ថានីយប្រេង ដើម្បីជជែកអំពីតម្លៃសាំងនៅឡើយទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា លោកមិនទាន់ដឹងថា លោកនាយករដ្ឋមន្ត្រីនឹងលើកយករឿងនេះមកពិភាក្សានៅពេលណានៅឡើយទេ ប៉ុន្តែលោកបានប៉ាន់ស្មានថា លោកនាយករដ្ឋមន្ត្រីប្រហែលជាលើកយករឿងនេះមកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រខាងមុខ។
ទាក់ទងនឹងបញ្ហាតម្លៃប្រេងសាំងរបស់កម្ពុជាដែលចុះមិនទាន់ស្ថានភាពប្រេងសាំងពិភពលោកនេះ លោក ស្រី ចន្ធី សេដ្ឋវិទូឯករាជ្យបានឲ្យដឹងថា គោលការណ៍ទីផ្សារសេរីមិនដំណើរការនៅលើទីផ្សារប្រេងរបស់ប្រទេសកម្ពុជានៅឡើយទេ ហើយខណៈដែលយុទ្ធសាស្រ្តទីផ្សារសេរីមិនដំណើរការ រដ្ឋាភិបាលគួរតែធ្វើអន្តរាគមន៍។
លោកបានមានប្រសាសន៍ថា៖ «តម្លៃប្រេងនៅស្រុកខ្មែរត្រូវតែឆ្លុះបញ្ចាំងទៅនឹងតម្លៃប្រេងពិភពលោក។ ដំណើរការនៅមានភាពយឺតយ៉ាវ ប្រហែលជាអ្នកនាំប្រេងចូលមានឥទ្ធិពលខ្លាំង»។
ដើម្បីដោះស្រាយបញ្ហានេះ លោកបានបន្តថា៖ «ប្រទេសកម្ពុជាគួរតែបង្កើតបរិយាកាសដែលមានភាពចំហ ប្រកួតប្រជែង និងតម្លាភាពសម្រាប់អ្នកនាំប្រេងចូល ដើម្បីបម្រើដល់ទីផ្សាររបស់កម្ពុជា។ កម្ពុជាគួរតែមានច្បាប់ប្រឆាំងការធ្វើអាជីវកម្មផ្តាច់មុខ និងច្បាប់ដែលកំណត់ឲ្យអ្នកនាំចូលទាំងឡាយផ្សព្វផ្សាយពីរបាយការណ៍ហិរញ្ញវត្ថុពីតម្លៃនៃការនាំចូលប្រេងរបស់ខ្លួន»។
បើតាមអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ភាពផ្តាច់មុខ ការស៊ុមគ្រលុំគ្នា និងពន្ធដែលមានតម្លៃខ្ពស់ គឺជាកត្តានាំឲ្យតម្លៃប្រេងមិនអាចចុះបាន។
លោកបន្ថែមថា ដើម្បីបន្ថយតម្លៃប្រេងបានទាល់តែមានការប្រកួតប្រជែងពិតប្រាកដមួយ។
លោកមានប្រសាសន៍ថា៖ «ចំពោះតម្លៃប្រេងសាំងមួយហេតុអ្វីចុះមិនបាន? សំខាន់ឲ្យមានការប្រណាំងប្រជែងស្មើភាពគ្នា។ កាត់បន្ថយប្រាក់ចំណេញ ហើយលក់ចេញឲ្យបានច្រើន»។
លោក យឹម សុវណ្ណ បានមានប្រសាសន៍បន្តថា៖ «ទំនាស់ផលប្រយោជន៍រវាងអ្នកធ្វើសេចក្តីសម្រេចទាក់ទងនឹងការបញ្ចុះថ្លៃប្រេង និងម្ចាស់ក្រុមហ៊ុនប្រេងក៏ជាបញ្ហាមួយទាក់ទងនឹងបញ្ហានេះដែរ»។
តម្លៃប្រេងលក់រាយនៅតាមស្ថានីយប្រេងនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញមានតម្លៃចាប់ពី ៣ ៥០០ រៀលសម្រាប់ប្រេងសាំងធម្មតា ដល់ ៣ ៨៥០ រៀលសម្រាប់ប្រេងសាំងស៊ូពែរក្នុងមួយលីត្រ៕
Labels:
NEWS
Subscribe to:
Post Comments (Atom)
No comments:
Post a Comment