ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចងក្រង និង ផលិតនូវខ្សែភាពយន្តឯកសារខ្លីចំនួន ៨ ដែលពាក់ព័ន្ធនឹងភាពចម្រូងចម្រាស់នានា នៅក្នុងសង្គម។ ក្នុងនោះរួមមាន វិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ ការអប់រំ និង ជាពិសេសការផ្សារភ្ជាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ពីមួយជំនាន់ទៅជំនាន់មួយទៀត ក្នុងទិសដៅផ្សះផ្សារតាមរយៈការយល់ដឹងពីប្រវត្តិសាស្រ្ត។
ខ្សែភាពយន្តឯកសារខ្លីទាំង ៨ ដែលមានរយៈពេលសរុបប្រមាណជា ៥៧ នាទី នោះបានគាស់កកាយពីជីវិតតស៊ូនៃអ្នកជំនាញរាំរបាំសហសម័យដែលជាជនពិការ ជីវិតអតីតអ្នកនិយាយព័ត៌មានវិទ្យុខ្មែរក្រហម ជីវិតនៃអ្នកបញ្ចូលសម្លេងកុនតាំងពីឆ្នាំ ១៩៨២ និង ជីវិតនៃអតីតអ្នកនេសាទត្រី។ ជាមួយគ្នានេះ ក៏បានលើកឡើង ស្ថានភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគម្រោងអភិវឌ្ឍន៍ បញ្ហានៃអ្នកពិការផ្នែកសតិបញ្ញា អាជីវកម្មរ៉ែងត្បូងនៅខេត្តប៉ៃលិន និង ប្រវត្តិនៃអគារសឬ ប៊ូឌីងជាដើម។
បន្ទាប់ពីបញ្ចប់ការសម្ពោធជាផ្លូវការខ្សែភាពយន្តឯកសាររបស់ខ្លួន កាលពីថ្ងៃទី ៤ ខែ ធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ខៀវ ចរិយា អ្នកអនុវត្តគម្រោង បានឲ្យដឹងថា ខ្សែភាពយន្តឯកសារខ្លីទាំង ៨ នេះ គ្រោងនឹងដាក់បញ្ចាំងនៅ រោងភាពយន្តផ្លាទីនៀមស៊ីណេផ្លិច និង ខេត្តព្រះសីហនុ នៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា Project 3 នេះគឺជាគម្រោងដែលផ្តល់ឱកាសដល់និស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ ក្រោមកិច្ចសហការណ៍ជាមួយនឹង អង្គការកិច្ចសហប្រតិបត្តិការណ៍អាល្លឺម៉ង់ អាចយកទ្រឹស្តីដែលខ្លួនបានសិក្សា ទៅអនុវត្តនៅក្នុងការងារជាក់ស្តែង ស្របតាមវិជ្ជាជីវៈ ដូចជា ការសរសេរ ថត និង កាត់តភាពយន្តឯកសារទាំងនោះជាដើម។ កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ បានដាក់សម្ពោធខ្សែភាពយន្តឯកសារដែលស្ថិតក្រោម គម្រោង«កម្ពុជា មិនបញ្ចេញយោបល់ វគ្គទី៣» ឬ «No comment Cambodia Part III»៕
No comments:
Post a Comment