Thursday, December 3, 2015

កែម ឡី៖ ចិន​នាំ​កម្ពុជា យក​«កោះ​ត្រល់» ឯ​អាមេរិក​នាំ​កម្ពុជា យក​«នីតិរដ្ឋ»

បើកម្ពុជាពឹងផ្អែកលើចិន អាចទទួលបានទឹកដីដែលបាត់បង តែបើពឹងផ្អែកលើអាមេរិកបាននីតិរដ្ឋ ការគោរពច្បាប់ និងសិទ្ធិមនុស្ស។ ជម្រើសទាំងពីរ ជាការសម្រេចចិត្តរបស់កម្ពុជា ក្នុងការកំណត់ និងជ្រើសរើសសម្រាប់ផ្លូវដើរ របស់ខ្លួននាពេលអនាគត។ នេះជាការលើកឡើងរបស់ លោក កែម ឡី។


ប្រទេស​មហា​អំណាច​ចិន ជា​ប្រទេស​ដឹកនាំ​តាម​លិទ្ធិ​«កុម្មុយនីស» ឯ​ប្រទេស​មហា​អំណាច​ផ្នែក​«សេរី» ជា​សហរដ្ឋ​អាមេរិក។ ប្រទេស​មហា​អំណាច​ធំៗ​ទាំង​ពីរ នេះ​ក៏​កំពុង​តែ​សម្លឹង​មើល​មក​កម្ពុជា ក្នុង​ហេតុផល ផល​ប្រយោជន៍ កេរ្តិ៍​ឈ្មោះ និង​អំណាច។ មហា​អំណាច​ទាំង​ពីរ​នេះ ក៏​កំពុង​ប្រលង​ប្រណាំង​គ្នា ដើម្បី​ទាញ​យក​ប្រជាប្រិយ​ភាព ភាព​ជឿជាក់ និង​ការ​ទុក​ចិត្ត​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​ធ្វើការ​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​នេះ សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ដូច​គ្នា ហើយ​ក៏​នឹង​ផ្តល់​ផល​ប្រយោជន៍ មក​កម្ពុជា​ដូច​គ្នា​ដែរ គ្រាន់​តែ​ក្នុង​ទិសដៅ​ខុស​គ្នា​ប៉ុណ្ណោះ។ លោក​បន្ត​ថា តែ​យ៉ាង​ណា​ក៏​ដោយ បើ​កម្ពុជា​ខ្លួន​ឯង​ចេះ​ធ្វើ​ទំនាក់​ទំនង ឬ​ពឹង​ផ្អែក​លើ​ប្រទេស​មហា​អំណាច​ទាំង​ពីរ​នេះ នោះ​កម្ពុជា​ក៏​នឹង​ទទួល​បាន​ផល​ប្រយោជន៍ យ៉ាង​ក្រាស​ក្រែល ដែល​មិន​នឹក​ស្មាន​ដល់។

ក្នុងជំនួបជាមួយពលរដ្ឋក្នុងវត្តសាមគ្គីរង្សី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ន​នេះ កម្ពុជាមាននិន្នាការពីរ ក្នុងការសម្រេចចិត្ត ពីការពឹងផ្អែកលើបរទេស។ លោកបានបញ្ជាក់​ដូច្នេះ​ថា «ផ្លូវ»​សំខាន់​ពីរយ៉ាងដែលកម្ពុជាត្រូវដើរ និងដើរទន្ទឹមគ្នានោះ គឺ៖

- ផ្លូវទីមួយ កម្ពុជាត្រូវចាប់ដៃគូជាមួយប្រទេសចិន ដើម្បីស្វែងរកឱកាសទាមទាយកដី ដែលប្រទេស​វៀតណាម​បានលេបត្របាក់យកទៅ នារយៈកាលកន្លងមក រួមមានកោះត្រល់ជាដើម។

- ផ្លូវទីពីរ កម្ពុជាត្រូវចាប់ដៃគូជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសប្រជាថិបតេយ្យធំជាងគេ នោះកម្ពុជា​ក៏នឹងទទួលបាន នូវការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចស្វែងរកប្រតិកម្មបន្ថែម ចំពោះការលើកឡើងខាងលើ ពីមន្រ្តី​រដ្ឋាភិបាល ឬពីមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបាននៅឡើយ ក្នុងថ្ងៃនេះ។ ទស្សនាវដ្តី នឹងស្វែងរកការផ្តល់ការបកស្រាយខាងលើបន្ថែមនាពេលក្រោយ៕

ការបកស្រាយទាំងស្រុងរបស់លោក កែម ឡី ជាវីដេអូ៖#Click ទីនេះដើម្បីមើលវីដេអូរ

No comments:

Post a Comment