ជាមួយគោលបំណងចម្បងជំរុញលើកស្ទួយ និងផ្ដល់ឱកាសដល់យុវវ័យខ្មែរជំនាន់ក្រោយឲ្យចេះបង្កើតស្នាដៃនិពន្ធបទចម្រៀងទំនុកភ្លេងដោយខ្លួនឯង និងចូលរួមលុបបំបាត់ការចម្លងពីបរទេសនោះ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំលើកដំបូងឈ្មោះថា The Mic Original Song Concert រៀបចំដោយ Anussa Event Planner នឹងបង្ហាញខ្លួននៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (តិចណូ) នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៥ ខាងមុខនេះ។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្ដិនៃក្រុមហ៊ុន Anussa Event Planner បានថ្លែងឲ្យដឹងក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា៖ «The Mic Original Song Concert ធ្វើឡើងដើម្បីផ្ដល់ឱកាស និងលើកស្ទួយឲ្យយុវជនខ្មែរ ដែលមានទេពកោសល្យ និងក្ដីស្រមៃខ្ពស់អាចចាប់ផ្ដើមកសាងនូវភាពផ្ទាល់ខ្លួនដើម្បីរកនូវភាពល្បីល្បាញ និងការគាំទ្រពីមហាជន»។

ការប្រគំតន្ត្រីនេះក៏មានតារាចម្រៀង និងតន្ត្រីករល្បីៗនៅប្រទេសកម្ពុជាចូលរួមផងដែរដូចជា តារាចម្រៀងលោក ហេង ពិទូ លោក ហ្សូណូ តន្ត្រីករ និងតារាចម្រៀង លោក សូ ស្រណោះ កញ្ញា នីកគី លោក កាន់ ពេជ្រ លោក សុខ រក្សា និងកញ្ញា ពេជ្រ ចិន្តា។
នាឱកាសប្រគំតន្ត្រីនោះផងដែរ អ្នកចូលរួមក៏នឹងបានទស្សនាការបញ្ចេញទេពកោសល្យសិល្បៈរបស់បេក្ខជនបេក្ខនារីដែលឆ្លងកាត់ការសម្រិតសម្រាំងចំនួន ១៥ រូប ដែលសុទ្ធសឹងតែបាននិពន្ធបទចម្រៀង និងបទភ្លេងដោយខ្លួនឯង។
លោក សេង ពិសិដ្ឋ ក៏បាន បន្តដែរថា៖ «ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំនេះ នឹងបើកឱកាសឲ្យអ្នកនិពន្ធ និងម្ចាស់បទចម្រៀង Original ខ្មែរទាំងអស់ ចូលរួមប្រកួតបង្ហាញស្នាដៃចម្រៀងរបស់ខ្លួន ដើម្បីទទួលបាននូវប្រាក់រង្វាន់ និងអាចឈានជើងចូលវិស័យសិល្បៈចម្រៀងប្រកបដោយភាពថ្លៃថ្នូរ និងកិត្តិយសសម្រាប់ខ្លួនឯង»។
ចំពោះម្ចាស់ជយលាភីនៃការប្រកួតស្នាដៃនិពន្ធចម្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ សម្រាប់ចំណាត់ថ្នាក់លេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១០០០ ដុល្លារ លេខ ២ ចំនួន ៧៥០ ដុល្លារ និងលេខ ៣ ចំនួន ៥០០ ដុល្លារ។

No comments:
Post a Comment